ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ន វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី គឺប្រភេទដែលតា និងអាលហ្វា កំពុងមានការឆ្លងជាច្រើនករណី និងកំពុងចរាចរយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា ដែលវាបានបង្កជាហានិភ័យ និងគួរឲ្យព្រួយបារម្ភ ។
ក្នុងយុទ្ធនាការថ្នាក់ជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩” ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើសកលលោកនៅមិនទាន់មានការថមថយនៅឡើយទេ ពិសេសជាមួយនឹងវត្តមាននៃវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ បង្កជាហានិភ័យនៃការឆ្លងរាតត្បាតមកក្នុងប្រទេសកម្ពុជា ។
លោក ជំទាវបន្ថែមថា ទន្ទឹមនឹងការព្រួយបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីនេះ ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវមានការធ្វេសប្រហែស និងគិតថាខ្លួនមិនមានហានិភ័យនៃការឆ្លង និងចម្លង ដោយអាងបានចាក់វ៉ាក់សាំងរួចរាល់ ហើយមានការធុនទ្រាន់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ១៩ ព្រោះវីរុសបំប្លែងថ្មីដែលតា និងអាលហ្វាកំពុងចរាចរ នៅក្នុងប្រទេសកម្ពុជាយើងហើយ ។
លោកជំទាវ រំពឹងថា យុទ្ធនាការថ្នាក់ជាតិនេះ នឹងជួយពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់នៃការរាតត្បាតការចម្លងវីរុសកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំក្នុងសហគមន៍ បានគ្រប់ពេលវេលា និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល និងសូមអំពាវនាវដល់រដ្ឋអនុវត្តនូវប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩” ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់ពីថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកធ្វើដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រី២៤៣នាក់) និងបានប៉ះពាល់រាជធានីខេត្ត ចំនួន២២ នៅទូទាំងប្រទេស ៕






អត្ថបទ ៖ បាន សុខរិទ្ធ