
រយៈពេលមួយពាន់ថ្ងៃ បានកន្លងផុតទៅ ចាប់តាំងពីក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានហាមឃាត់មិនឲ្យចូលរៀននៅអនុវិទ្យាល័យ។ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«គ្មានប្រទេសណាមួយ អាចឆ្ពោះទៅមុខបានទេ នៅពេលដែលចំនួនប្រជាជនពាក់ កណ្តាលរបស់ខ្លួន ត្រូវបានទុកចោលនោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានជំរុញឲ្យអាជ្ញាធរតាលីបង់អនុញ្ញាតឲ្យកុមារទាំងអស់អាចបន្តការសិក្សាឡើងវិញភ្លាមៗ ហើយបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិជួយដល់ក្មេងស្រីអាហ្វហ្គានីស្ថាន ដែលលោកស្រី បាននិយាយថា ត្រូវការវាច្រើនជាងពេលណាៗទាំងអស់។ ទីភ្នាក់ងារនេះ បានប៉ាន់ប្រមាណថា ក្មេងស្រីជាង មួយលាននាក់ ត្រូវបានរងផលប៉ះពាល់។
អង្គការសហប្រជាជាតិ បានព្រមានថា ការហាមប្រាមលើការអប់រំរបស់កុមារី នៅតែជាឧបសគ្គដ៏ធំបំផុតរបស់ក្រុមតាលីបង់ក្នុងការទទួលបានការទទួលស្គាល់ថា ជាអ្នកគ្រប់គ្រងស្របច្បាប់នៃប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់ ដែលបានចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ក្នុងឆ្នាំ ២០២១ បាននិយាយថា ក្មេងស្រីដែលបន្តការសិក្សារបស់ពួកគេ គឺប្រឆាំងនឹងការបកស្រាយដ៏តឹងរឹងនៃច្បាប់ឥស្លាមរបស់ក្រុមនេះ។
ថ្វីបើពីដំបូងបានសន្យាថា នឹងមានច្បាប់កម្រិតមធ្យមក៏ដោយ ក៏ក្រុមតាលីបង់ បានរារាំងស្ត្រីពីការអប់រំកម្រិតឧត្តម ការចូលទៅលេងទីធ្លាសាធារណៈដូចជាសួនកម្សាន្ត និងការងារភាគច្រើន ជាផ្នែកនៃវិធានការដ៏តឹងរ៉ឹង ដែលក្រុមនេះ បានដាក់ចេញ។ នៅពេលដែលក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ពួកគេ ក៏បានហាមឃាត់ការអប់រំរបស់ក្មេងស្រីផងដែរ។