
ចំណុចផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត នៅក្នុងយុទ្ធនាការមិនជោគជ័យរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ដើម្បីរក្សាសំឡេងភាគច្រើនក្នុងសភារបស់លោក បានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតរយៈពេលយូររបស់ប្រទេសឥណ្ឌាចាប់ផ្តើមនៅក្នុងខែមេសា។
ដោយនិយាយនៅឯមជ្ឈមណ្ឌលបោះឆ្នោតដែលរួមមានទាំងនៅវត្តហិណ្ឌូ ក្នុងទីក្រុង Ayodhya ដែរនោះ សមាជិកសភា លោក Lallu Singh បាននិយាយថា គណបក្ស Bharatiya Janata (BJP) របស់លោក និងលោក Modi កំពុងស្វែងរកសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងសំខាន់ ចំពោះរដ្ឋធម្មនុញ្ញ។
គណបក្សប្រឆាំង បានចាប់យកការអធិប្បាយរបស់លោក Singh ដើម្បីអះអាងដោយគ្មានភស្តុតាងថា គណបក្ស BJP នឹងធ្វើវិសោធនកម្មឯកសារស្ថាបនិករបស់ឥណ្ឌាសម័យទំនើប ដើម្បីដកហិណ្ឌូពីឋានានុក្រមវណ្ណៈទាបពីការមានលទ្ធភាពចូលទៅកាន់គោលនយោបាយទប់ស្កាត់ការរើសអើង។ វិធីសាស្ត្រវាយប្រហារនេះ ទទួលបានផលតបជាទីគាប់ចិត្ត ដោយបានបំបែកសំឡេងឆ្នោតរបស់ពួកហិណ្ឌូ និងបញ្ចប់ការគ្រប់គ្រងរយៈពេល ១ទសវត្សរ៍របស់គណបក្ស BJP នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស។
ការស្ទង់មតិបានចង្អុលបង្ហាញពីការឈ្នះក្នុងសំឡេងដ៏លើសលប់ ទាំងនៅក្នុងរដ្ឋ Uttar Pradesh ដែលជាទីតាំងរបស់ទីក្រុង Ayodhya និងទូទាំងប្រទេស ប៉ុន្តែនៅពេលដែលលទ្ធផលបានចេញមក នៅថ្ងៃទី៤ ខែមិថុនា គណបក្ស BJP បានបាត់បង់អាសនៈចំនួន ២៩កៅអី នៅក្នុងរដ្ឋនេះ ដោយជិតពាក់កណ្តាលនៃការខាតបង់អាសនៈរបស់គណបក្សនៅទូទាំងប្រទេស។
លោក Awadhesh Prasad មកពីគណបក្សប្រឆាំង Samajwadi (SP) ដែលមូលដ្ឋានរបស់គណបក្ស រួមមានអ្នកបោះឆ្នោតឥស្លាម និងវណ្ណៈទាប នៅក្នុងរដ្ឋ Uttar Pradesh បានលើកឡើងដោយយោងដល់សម្ដីរបស់លោក Singh ថា «ការនិយាយនោះបានធ្វើឲ្យប្រជាជនមិនពេញចិត្ត»។ ហើយទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតរបស់គណបក្ស BJP ដើម្បីបង្ហាញថា ការលើកឡើងពីគណបក្សផ្សេងជារឿងមិនពិតក៏ដោយ ក៏ការខូចខាតរបស់គណបក្សបានកើតឡើងហើយ៕