
បណ្ដាគណបក្សនយោបាយដែលតំណាងឲ្យក្រុមឆ្វេងនិយមបារាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើត «Popular Front» (រណសិរ្សក្រុមឆ្វេងនិយម) ដើម្បីប្រកួតប្រជែងការបោះឆ្នោតសភាមុនអាណត្តិ ដែលនឹងត្រូវធ្វើឡើងនៅខែខាងមុខនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយតំណាងឲ្យបណ្ដាគណបក្សទាំងនោះ បានរៀបរាប់ថា៖ «ទំព័រប្រវត្តិសាស្ត្របារាំងថ្មីមួយ ត្រូវបានកត់ត្រាឡើងហើយ ជាមួយនឹងរណសិរ្សក្រុមឆ្វេងនិយមថ្មីនេះ!»។
រណសិរ្សឆ្វេងនិយម «Popular Front» ដែលបានរួបរួមគ្នានេះ គ្រោងនឹងទៅប្រឈមតទល់ជាមួយគណបក្សរួបរួមជាតិ (RN) របស់ក្រុមស្តាំជ្រុលនិយម ដែលបច្ចុប្បន្ននាំមុខនៅក្នុងស្ទង់មតិ សម្រាប់ការបោះឆ្នោតសភា ខណៈដែលគណបក្សរបស់លោកប្រធានាធិបតី Emmanuel Macron បច្ចុប្បន្ន កំពុងប្រឹងប្រែងយ៉ាងលំបាកក្នុងធ្វើដំណើរទៅមុខទប់ទល់នឹងក្រុមទាំង២ នេះ។
គួរបញ្ជាក់ថា លោក Macron បានអំពាវនាវមានការបោះឆ្នោតមុនអាណត្តិ ដែលនឹងធ្វើឡើង ២ជុំ នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីសម្ព័ន្ធភាពកណ្តាលនិយមរបស់លោក រងបរាជ័យក្រោមដៃរបស់គណបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យមុន៕