
បាតុកររាប់សិបនាក់ បាននាំគ្នាធ្វើបាតុកម្ម នៅក្នុងទីក្រុង Rio de Janeiro និង Sao Paulo កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) ដើម្បីតវ៉ាប្រឆាំងនឹងសេចក្ដីស្នើច្បាប់ដ៏ចម្រូងចម្រាស ដែលកំណត់ការរម្លូតកូនស្របច្បាប់ ស្មើនឹងអំពើឃាតកម្ម។
គួរបញ្ជាក់ថា សភាតំណាងរបស់ប្រទេសប្រេស៊ីល បានអនុម័តនៅសប្តាហ៍នេះ ដើម្បីដំណើរការជាបន្ទាន់នូវច្បាប់មួយដែលធ្វើឲ្យការរម្លូតកូនស្របច្បាប់ស្មើគ្នានឹងអំពើមនុស្សឃាត ប្រសិនបើការរម្លូតកូននោះ ត្រូវបានអនុវត្ត បន្ទាប់ពីសប្តាហ៍ទី២២ នៃរយៈពេលមានគភ៌។
នៅទីក្រុង Sao Paulo ក្រុមបាតុករ បានស្រែកតវ៉ា នៅលើផ្លូវ Paulista Avenue ដោយទាមទារឲ្យរដ្ឋាភិបាល បោះបង់ចោលច្បាប់នេះ ខណៈដែលនៅទីក្រុង Rio de Janeiro សកម្មជនគាំទ្រការរម្លូតកូន បានតវ៉ានៅខាងក្រៅសភា ជាមួយនឹងការកាន់បដាផ្សេងៗ។
ក្រុមអ្នកតវ៉ានៃទីក្រុងទាំង២ នេះ បានអះអាងថា ច្បាប់នេះ គឺជាការធ្វើឲ្យធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចំពោះសិទ្ធិស្ត្រី និងសិទ្ធិទទួលបានការថែទាំសុខភាព នៅប្រេស៊ីល ដែលបច្ចុប្បន្នការរម្លូតកូន ត្រូវបានអនុញ្ញាតតែនៅក្នុងករណីការរំលោភសេពសន្ថវៈ មានពិការភាពក្បាលនៅក្នុងគភ៌ ឬការមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ម្តាយប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់នេះ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ទៅ ២០ឆ្នាំ សម្រាប់ស្ត្រី ដែលរម្លូតកូនស្របច្បាប់ បន្ទាប់ពីមានផ្ទៃពោះបាន ២២សប្តាហ៍។ ការពិន័យបច្ចុប្បន្ន ចំពោះការរម្លូតកូនដោយខុសច្បាប់ មានចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ៕