ការប្រកួតបាល់ទាត់មិត្តភាពសប្បរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមផ្ការីកគ្រប់រដូវ ក្នុងពិធីបើកការប្រកួតផ្លូវការ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ កាលពីចុងសប្ដាហ៍មុន បានទទួលថវិកាសរុបចំនួន ៤៦០,១៦១,៦០០រៀល ។
នេះយោងតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំពានរង្វាន់ Soccer League នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ បន្ថែមលើនេះ ក្នុងនាមគណៈកម្មការរៀបចំ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ចំពោះការចូលរួម និងគាំទ្រលើសកម្មភាពមនុស្សធម៌យ៉ាងផុសផុល ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម)នេះផងដែរ ។
យ៉ាងណាមិញ គណៈកម្មការរៀបចំពាន Soccer League ដដែល នៅតែអំពាវនាវដល់បងប្អូនសប្បុរសជននានា ដែលមានបំណងចង់ចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយកុមារកម្ពុជានេះ នៅតែអាចចូលរួមបរិច្ចាគបន្ដទៀតបាន ។
គួរដឹងថា ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់ Soccer League លើកទី៧ កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ គណៈកម្មការបានរៀបចំឲ្យមានការប្រកួតមិត្តភាពសប្បុរសធម៌ដ៏ធំ ក្រោមមូលបទ «បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា» រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមផ្ការីកគ្រប់រដូវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈជាលទ្ធផលក្រុម ស.ស.យ.ក អលស្ដារ បានទទួលជ័យជម្នះ ៣-២ ។ លើសពីនេះ ក៏មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគតាមរយៈការប្រកួតនេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងជួយកុមារកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា



