
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានដោះលែងឲ្យមានសេរីភាពអតីតប្រធានសភាប៉ាឡេស្ទីន និងជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមជីវពលហាម៉ាស់គឺលោកវេជ្ជបណ្ឌិត Aziz Dweik ក្រោយរូបលោកជាប់ពន្ធនាគារអស់រយៈពេល ៨ខែ ។
អ្នកស្រុក និងសមាជិកគ្រួសារ បានស្វាគមន៍លោក Dweik នៅទីក្រុង Hebron តំបន់វ៉េសប៊ែង ។ លោក Dweik ទំនងជាស្រកគីឡូច្រើន អំឡុងពេលជាប់ឃុំឃាំងក្នុងពន្ធនាគារ ។
លោកបានរៀបរាប់ថា ការធ្វើបាបអ្នកទោសប៉ាឡេស្ទីន ពិតជាអាក្រក់ខ្លាំងណាស់ ហើយអមនុស្សធម៌ ហើយទង្វើបែបនេះ កាន់តែព្រៃផ្សៃថែមមួយកម្រិតទៀត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
លោកថា ស្ថានភាពនៅក្នុងពន្ធនាគារ បានផ្លាស់ប្តូរ ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ។ អ្នកទោសប៉ាឡេស្ទីន រងគ្រោះច្រើនណាស់នៅក្នុងពន្ធនាគារ ពួកគេស្រកគីឡូ ដោយសារតែទង្វើដ៏អមនុស្សធម៌របស់អ៊ីស្រាអែល ៕