
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងសកម្មចំពោះភាពចលាចលក្នុងប្រទេសហ្ស៊កហ្ស៊ី ប៉ុន្តែមិនបានថ្កោលទោសអាជ្ញាធរអាមេនីចំពោះការបង្ក្រាបទៅលើការប្រមូលផ្តុំ ដែលកំពុងបន្តនៅក្នុងប្រទេសនេះទេ។
អ្នកការទូតរូបនេះ បានប្រៀបធៀបសេចក្តីថ្លែងការណ៍ពីរដែលធ្វើឡើងដោយស្ថានទូតអាមេរិកប្រចាំប្រទេសអាមេនី និងហ្ស៊កហ្ស៊ី អំពីការបន្តការតវ៉ា នៅក្នុងប្រទេសទាំងនោះ។
អ្នកស្រី Zakharova បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ភាគច្រើនគាំទ្រលទ្ធិប្រជា ធិបតេយ្យ ក្នុងករណីមួយ ទីក្រុងវ៉ាស៊ីនតោនតាមរយៈស្ថានទូតរបស់ខ្លួន បានបញ្ជាក់ថា ការប្រមូលផ្តុំត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ និងមិនថ្កោលទោសអាជ្ញាធរ [ក្នុងស្រុក] ចំពោះការបង្ក្រាបរបស់ពួកគេ ហើយក្នុងករណីផ្ទុយពីនេះ បានគាំទ្រយ៉ាងសកម្មចំពោះកុបកម្ម ដែលរៀបចំដោយភ្នាក់ងារបរទេសលោកខាងលិច។
អ្នកស្រី បានបន្ថែមថា៖«នេះ គឺជាការបង្ហាញជាក់ស្តែងនៃ«សណ្តាប់ធ្នាប់ពិភពលោក» ដោយផ្អែកលើច្បាប់ ដែលមានតែសហរដ្ឋអាមេរិកទេ កែប្រែ«ច្បាប់»ទាំងអស់ ឲ្យសមនឹងអ្វីដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន»។