ភ្នំពេញ ៖ ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាប្រមាណជា ១០០នាក់ នៅរសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំគ្នា ដើម្បីដាក់ញត្តិថ្កោលទោសជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះការបញ្ចេញរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជាកាលពីថ្មីៗនេះ របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់»។
នៅមុនប្រគល់ញ្ញាតិថតចម្លងជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា និងតំណាងឲ្យសមាជិក សមាជិកា ដែលបំពេញការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់បំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងកម្ពុជាចំនួនសរុបប្រមាណ ៤ម៉ឺននាក់ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការតវ៉ានេះ ខណៈមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព និងធ្វើនយោបាយបំផ្លាញសន្តិភាព។
លោកអះអាងថា សកម្មភាពរបស់អង្គការ សង់ត្រាល់ សព្វថ្ងៃនេះ មិនបានជួយដល់កម្មករនិយោជិតទូទៅក្នុងប្រទេសទេ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការមួយនេះ បែជាធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុកដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។
ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាទាំងអស់ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ញ្ញាត្តិដែលប្រគល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្នុងពេលនេះ នឹងធ្វើឲ្យអង្គការសង់ត្រាល់បានឃើញ ហើយពិចារណាឡើងវិញ និងយល់អំពីក្តីព្រួយបារម្ភរបស់កម្មករ និយោជិត ហើយបញ្ឈប់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ៕
អត្ថបទ ៖ ឈិត បូរ៉ាវី











