ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានណែនាំជាថ្មីម្ដងទៀតឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ចាប់ឲ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក។
មានប្រសាសន៍នាឱកាសអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅសាលាខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ និងណែនាំយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឲ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកអ្នកទាំងនោះទៅដាក់ទោសទណ្ឌទៅតាមច្បាប់។ ឯកឧត្តមបានលើកជាឧទាហរណ៍ថា ការផ្ញើកង់ និងម៉ូតូ ក្នុងសៀវភៅបន្ទុក គឺតែ ៣០០រៀលប៉ុណ្ណោះ បើយកតម្លៃ៥០០ ឬ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវតែធ្វើការរឿងនេះ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា មហិច្ចតារបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ចំពោះគម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខណ្ឌច្បារអំពៅបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ៩១៣.០០០សេវា ដោយទទួលបានថវិកាពីសេវានេះប្រមាណ ១.៨៥៦លានរៀល ចូលជាថវិកាជាតិ។ បានកសាងសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន ដែលមានដូចជា ធ្វើសួនច្បារបាន៣សួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈបានចំនួន ២៦១៨គោម ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀន និងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។ រដ្ឋបាលខណ្ឌច្បារអំពៅ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។
សូមជម្រាបថា ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលត្រូវបានប្រកាសចូលកាន់តំណែងនៅពេលនេះមាន សមាជិក សមាជិកាចំនួន ២១រូប ក្នុងនោះលោក អ៊ុ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសម្រាប់អាណត្តិទី៤នេះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







