អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មាននរណាម្នាក់គួរទទួលស្គាល់ទ្វេភាគីថា តាលីបង់ជារដ្ឋាភិបាលអាហ្វហ្គានីស្ថានឡើយ។ សេចក្ដីថ្លែងការណ៍របស់លោកបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាម។

លោក Boris Johnson បាននិយាយនៅក្នុងឃ្លីបសម្ភាសន៍មួយថា យើងមិនចង់ឲ្យនរណាម្នាក់ទទួលស្គាល់ពួកតាលីបង់ជាទ្វេភាគីទេ ដោយទទូចឱ្យប្រទេសលោកខាងលិចរួមគ្នាលើបញ្ហានៅអាហ្វហ្គានីស្ថាន តាមរយៈយន្តការដូចជាអង្គការសហប្រជាជាតិ និងណាតូជាដើម។ លោកបានសារភាពថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញពីប្រទេសនេះបាន “ពន្លឿនអ្វីៗគ្រប់យ៉ាង” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែបាននិយាយថា “យើងបានដឹងជាយូរមកហើយថា រឿងរ៉ាវនឹងក្លាយជាបែបនេះ។
លោកបានបន្ថែមថា យើងចង់បានជំហររួបរួមមួយក្នុងចំណោមអ្នកដែលមានគំនិតដូចគ្នា តាមដែលយើងអាចទទួលបាន ដូច្នេះយើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់អាហ្វហ្គានីស្ថានកុំឲ្យវិលត្រឡប់ ទៅរកជំរំបង្កកំណើតភេរវកម្មឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា ដោយឡែកកាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនមិនទាន់ទទួលស្គាល់ក្រុមបះបោរតាលីបង់ថា ជាអាជ្ញាធរស្របច្បាប់ថ្មីរបស់អាហ្វហ្គានីស្ថាននោះទេ៕
អត្ថបទ៖ សុខមាន