ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានឲ្យដឹងថាដោយមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច។ ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការ និងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ និងបានប្រគល់តួនាទីឲ្យមកនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមនៃក្រសួងធម្មការនិងសាសនាក្នុងការអនុវត្តផ្សព្វផ្សាយចំណេះដឹង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរទទួលបានជោគជ័យចំនួន៤៥វគ្គមកហើយ។ ដោយឡែក វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៥ នាឱកាសនេះ មានសិក្ខាកាមអាចារ្យមកពីចម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៣រូប ក្នុងនោះព្រះសង្ឃ ៣៨អង្គ និងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប សិក្សាលើ១៨មុខវិជ្ជាធំៗ។
នាឱកាសនោះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា តួនាទីអាចារ្យ មានសារៈសំខាន់ណាស់ ជាអ្នកដឹកនាំកម្មវិធីផ្សេងៗ។ ដូចនេះក្នុងនាមជាអ្នកចេះដឹងខាងក្បួនតម្រា ឲ្យសមស្របទៅនឹងទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដែលបុព្វបុរសខ្មែរយើងខំតាក់តែង ចងក្រងសម្រាប់កូនចៅជំនាន់ក្រោយ និងបែងចែងឲ្យដាច់នូវជំនាញរៀងៗខ្លួន ពិសេសពិធីមង្គលឲ្យចំមង្គល ពិធីបុណ្យទាន ឬពិធីបុណ្យសពជាដើម។ ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖ ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សានេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងនាមជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក ត្រូវមានភាពជាគំរូ ក្នុងការគោរព ប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើហិង្សាគ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ក្រោយ។ អាចារ្យទាំងអស់ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិងសាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
អាចារ្យត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ សក្តិសមជាទីគោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។ អាចារ្យត្រូវបន្តពង្រឹងនិងពង្រីកចំណេះដឹង ត្រូវខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីចូលរួមចំណែក កសាងឯកសារគោលឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នា បន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។
ឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន៖ ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន៕
អត្ថបទ ៖ រដ្ឋា



















