ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ០២ករណីផ្សេងគ្នា។
ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចាប់យកវត្ថុតាង ក្រាមសថ្លា សរុប ចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។
ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណ្ឌដង្កោបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ វត្ថុតាងចាប់យក ក្រាមសថ្លាចំនួន ០៩កញ្ចប់, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន ០៤ដើម រួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យទាំង ០៤នាក់ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ ៣២ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។
ចំពោះជនសង្ស័យប្រុសស្រីទាំង ០៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ តារាវុទ្ធី






