
វិទ្យាស្ថាន ifo បានព្យាករថា ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 អាចរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច ១ពាន់លានអឺរ៉ូ (១,០៧ពាន់លានដុល្លារ) ដោយសារការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសនេះ ដើម្បីទស្សនាការប្រកួតបាល់ទាត់។
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចដ៏ធំជាងគេរបស់ប្រទេសមួយនេះ បានឲ្យដឹងថា កំណើននេះស្មើនឹងប្រហេល ០,១ភាគរយនៃទិន្នផលសេដ្ឋកិច្ច នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយវិស័យបដិសណ្ឋារកិច្ច និងការលក់រាយផ្នែកអាហាររបស់អាល្លឺម៉ង់ នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការប្រកួតដ៏ធំមួយរបស់ពិភពលោកដែលតែងកើតឡើងរៀងរាល់ ៤ឆ្នាំម្ដង នៅទ្វីបអឺរ៉ុបនេះ។
អ្នកស្រាវជ្រាវរបស់ ifo លោក Gerome Wolf បាននិយាយថា៖ «តែយ៉ាងណាក្ដី ឥទ្ធិពលគឺមានរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលការនាំចេញសេវាកម្មនានា ដោយសារភ្ញៀវទេសចរត្រឡប់ទៅវិញ ទំនងជានឹងធ្លាក់ចុះម្តងទៀត បន្ទាប់ពីការបញ្ចប់ការប្រកួតជើងឯកអឺរ៉ុប នៅត្រីមាសទី៣ ហើយជារួមនៅតែមិនមានការផ្លាស់ប្ដូរដដែល»។
យោងតាមការគណនារបស់វិទ្យាស្ថាននេះ ដោយផ្អែកលើតួលេខពីព្រឹត្តិការណ៍ FIFA World Cup ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០០៦ នោះ បានបង្ហាញថា ភ្ញៀវទេសចរបរទេសច្រើនជាង ៦០០.០០០នាក់ និងការបន្តស្នាក់នៅមួយយប់បន្ថែមទៀតចំនួន ១,៥លាននាក់ ត្រូវបានរំពឹងថា នឹងមានអំឡុងការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុបនេះ។
ជាមួយគ្នានេះ បណ្ដាអ្នកជំនាញយល់ស្របគ្នាថា ការជះឥទ្ធិពលរួមនៃព្រឹត្តិការណ៍ Euro 2024 ទៅលើសេដ្ឋកិច្ចដ៏ធំជាងគេបំផុតរបស់អឺរ៉ុបនេះ ក៏អាស្រ័យលើថា តើក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្វើបានល្អកម្រិតណា នៅក្នុងការប្រកួតផងដែរ៕