
ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បាននិយាយថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេស ឬអង្គការណាមួយ ដែលជំទាស់នឹងអធិបតេយ្យភាពតុលាការរបស់ខ្លួន បន្ទាប់ពីការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ត្រូវបានអនុវត្តចំពោះសកម្មជនចលនា «#MeToo» នៅភាគខាងត្បូងប្រទេសចិន។
គួរបញ្ជាក់ថា អ្នកនាង Huang Xueqin ដែលជាអ្នកសារព័ត៌មានឯករាជ្យអាយុ ៣៥ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានទោស នៅថ្ងៃសុក្រនេះ ពីបទមានបំណងផ្ដួលរលំរដ្ឋអំណាច នៅឯតុលាការ ក្នុងទីក្រុង Guangzhou។
ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះ អ្នកការទូត ២រូប បានប្រាប់ឲ្យដឹងថា តំណាងកុងស៊ុលមកពីសហរដ្ឋអាមេរិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានប៉ុនប៉ងចូលរួមក្នុងដំណើរការរបស់តុលាការ ប៉ុន្តែត្រូវបានបដិសេធមិនឲ្យចូលនោះឡើយ។
ការចោទប្រកាន់ពីបទបះបោរប្រឆាំងនឹងលោកស្រី Huang និងសកម្មជនម្នាក់ទៀតឈ្មោះលោក Wang គឺផ្អែកលើការជួបជុំដែលពួកគេតែងតែធ្វើ សម្រាប់យុវជនចិន អំឡុងពេលដែលពួកគេពិភាក្សាអំពីបញ្ហាសង្គម។ លោក Huang បានរាយការណ៍ពីការចោទប្រកាន់ចលនា «#MeToo» របស់ចិន និងការតវ៉ាប្រឆាំងរដ្ឋបាលក្រុងហុងកុង ក្នុងឆ្នាំ២០១៩៕