
ស្របពេលដែលជនមូស្លីម ២២០លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមត្រៀមខ្លួនរៀបចំពិធីបុណ្យសាសនា Eid al-Adhaនោះ ផ្សារបសុសត្វនៅក្នុងខេត្តជ្វាខាងលិចរបស់ប្រទេសមួយនេះ បានមមាញឹកខ្លាំង ។
នៅលើវាលទំហំជាង ១ហិចតា ដែលជាផ្សារលក់បសុសត្វធំបំផុតប្រចាំខេត្តជ្វាខាងលិច ជនមូស្លីម បានជួបជុំគ្នា ដើម្បីរកទិញគោក្របី សម្រាប់ធ្វើពិធីកម្មនៅក្នុងពិធីបុណ្យសាសនា Eid al-Adha ។
យោងតាមការអះអាងរបស់ប្រធានផ្សារលក់បសុសត្វ បានឲ្យដឹងថា ក្រុមឈ្មួញ លក់សត្វគោជាង ២០០ក្បាល ពពែ និងចៀម ជាង ៥០០ក្បាលក្នុង ១ថ្ងៃ ពោលគឺកើនឡើងប្រហែល ៥០ភាគរយនៃការលក់នៅថ្ងៃធម្មតា ។
បើទោះបីជាតម្លៃទីផ្សារកើនឡើងប្រហែល ២៥ភាគរយ សម្រាប់បសុសត្វទាំងអស់នេះយ៉ាងណាក្តី អ្នកទិញ ពុំបានរារែកចិត្តនោះឡើយ ។
លោក Muhammad Kosim ដែលទិញគោ ៥ក្បាល ក្នុងតម្លៃ ២.៧០០ដុល្លារ និយាយថា បើសិនជាគុណភាពគោល្អ បើសិនជាពួកវាធាត់មានសាច់ច្រើន មិនសំខាន់ថាវាថ្លៃប៉ុន្មាននោះទេ ពួកយើងនឹងទិញយកវា ។ អ្វីដែលសំខាន់គឺអតិថិជន ពេញចិត្តនឹងទិញវា ។
ដើម្បីរកបានគោល្អ លោក Ahmad Azran គឺជាអតិថិជនមួយរូបផ្សេងទៀត និយាយថា លោកដើរច្រើនផ្សារណាស់ នៅក្នុងប្រទេសនេះ ៕