
កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ធ្វើឲ្យប្រព័ន្ធការពារមីស៊ីល Iron Dome បាញ់ស្កាត់នៅលើមេឃ ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។
សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា រ៉ុក្កែតទាំងនេះ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា នៅវេលាម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក ។
ការបាញ់រ៉ុក្កែតចុងក្រោយនេះដែរ បានកើតមានឡើង ក្រោយសង្រ្គាមរយៈពេល ៨ខែ រវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ។
ខណៈពេលនោះដែរ ពលរដ្ឋតំបន់ហ្កាហ្សា និយាយថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែលជាច្រើនគ្រឿង បានវាយប្រហារទីក្រុង Rafah ក្នុងនោះក្រុមសកម្មប្រយុទ្ធរាយការណ៍ពីការប្រយុទ្ធគ្នានៅតាមដងផ្លូវក្នុងទីក្រុងភាគខាងត្បូងមួយនេះ ។
ដោយឡែក ភាពតានតឹង បានកើនឡើងផងដែរ នៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ដោយមានការវាយលុកកាន់តែច្រើនពីសម្ព័ន្ធមិត្តហាម៉ាស់ គឺក្រុមហេសបូឡា នៅប្រទេសលីបង់ ដោយកំពុងដាក់គោលដៅលើទីតាំងយោធារបស់អ៊ីស្រាអែល ៕