
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាចំណាត់ការបន្ថែមប្រឆាំងនឹងក្រុមហ៊ុនចិនដែលបានផ្គត់ផ្គង់វិស័យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់អ្នកសារព័ត៌មាន មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅលើក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសចិនដែលកំពុងលក់បន្ទះអេឡិចត្រូនិកឲ្យទីក្រុងមូស្គូថា៖«យើងកំពុងពិចារណាលើចំណាត់ការ បន្ថែមទៀត»។
លោកបាននិយាយថា៖«ក្តីសង្ឃឹមរបស់យើង គឺថាក្រុមហ៊ុនដែលចូលរួមក្នុងការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដូច្នេះវាអាចពង្រឹងយោធារុស្ស៊ី ... នឹងឃើញវិធានការទាំងនេះ ហើយគិតទ្វេដង»។
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសពីការពង្រីកទណ្ឌកម្មដ៏ធំ ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយការផលិតអាវុធរបស់រុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។