
ប្រទេសក្រិក បានបិទតំបន់ទេសចរណ៍បុរាណ និងសាលារៀន នៅក្នុងទីក្រុងអាតែន កាលពីថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រនេះ មនុស្សចាស់ៗ នាំគ្នារកកន្លែងត្រជាក់ ស្របពេលដែលរលកកម្តៅវាយប្រហារប្រទេសមួយនេះ រយៈពេល ២ថ្ងៃជាប់ៗគ្នា ។
អង្គុយនៅក្នុងជម្រកមានម៉ាស៊ីនត្រជាក់ ដែលរៀបចំឡើងដោយសាលាក្រុងអាតែន មនុស្សចាស់ជាច្រើន និយាយថា ពួកគេពុំបានចងចាំនោះទេថាតើមានសីតុណ្ហភាពខ្ពស់បែបនេះដែរឬទេ កាលពីមុន ។
ភ្ញៀវទេសចរ បានសម្រុកទៅកាន់បុរាណដ្ឋានដ៏ល្បី Acropolis មុនពេលគេបិទរយៈពេលប៉ុន្មានម៉ោង ដោយសារ រលកកម្តៅ ។
ភ្ញៀវទេសចមួយចំនួន និយាយថា រលកកម្តៅខែមិថុនា បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលពួកគេមិននឹកស្មានដល់ទាល់តែសោះថា ឆាប់មានអាកាសធាតុក្តៅបែបនេះ នៅក្នុងរដូវក្តៅ ។
តំបន់ទេសចរណ៍ដទៃទៀត ត្រូវបានបិទទ្វារផងដែរ នៅក្រោយពេលរសៀល ពេលដែលខ្យល់បក់ពីអាហ្វ្រិកខាងជើងនាំឲ្យសីតុណ្ហភាពកើនឡើងដល់ ៤៣អង្សាសេ ៕