
ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បាននិយាយថា ផែនការរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកនៅបរទេស គឺជាការលួច ហើយនឹងមិនប្រព្រឹត្រទៅដោយមិនមានទណ្ឌកម្មនោះឡើយ។
ដោយថ្លែងនៅឯកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការបរទេស លោក ពូទីន បានប្រាប់ថា របៀបដែលលោកខាងលិច បានប្រព្រឹត្តចំពោះទីក្រុងមូស្គូ បង្ហាញថា ប្រទេសណាមួយក៏អាចក្លាយជាជនរងគ្រោះនៃការបង្កកទ្រព្យសម្បត្តិលោកខាងលិចស្រដៀងគ្នានេះដែរ។
លោក ពូទីន បាននិយាយថា៖ «ទោះបីជាមានភាពមិនសមហេតុសមផលក៏ដោយ ក៏ចោរនឹងនៅតែជាចោរពិតប្រាកដណាស់។ ហើយទង្វើនេះនឹងមិនប្រព្រឹត្តទៅដោយមិនមានទណ្ឌកម្មនោះឡើយ។ ឥឡូវនេះ វាក្លាយជារឿងយ៉ាងប្រចក្ស សម្រាប់បណ្ដាប្រទេស ក្រុមហ៊ុន (និង) មូលនិធិអធិបតេយ្យ ដែលទ្រព្យសម្បត្តិ និងទុនបម្រុងរបស់ពួកគេ នៅឆ្ងាយពីពាក្យថា សុវត្ថិភាព ទាំងក្នុងអត្ថន័យច្បាប់ និងសេដ្ឋកិច្ច។ នរណាម្នាក់ ក៏អាចស្ថិតក្នុងជួរនាពេលបន្ទាប់ សម្រាប់ការដកហូតទ្រព្យសម្បត្តិដោយសហរដ្ឋអាមេរិក និងលោកខាងលិចបានដែរ»។
គួរបញ្ជាក់ថា លោក ពូទីន បាន និងកំពុងនិយាយមួយថ្ងៃបន្ទាប់ពីមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ បានយល់ព្រមលើកិច្ចព្រមព្រៀងគ្រោងផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដោយប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី ដែលត្រូវបានបង្កកបន្ទាប់ពីទីក្រុងមូស្គូបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២ ជាអ្វី ដែលប្រទេសនេះ ហៅថាប្រតិបត្តិការយោធាពិសេស៕