
លោកស្រី Sandra Oudkirk គឺជាមន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតៃប៉ិ និយាយនៅថ្ងៃសុក្រនេះថា សកម្មភាពបង្ករឿងរស់ចិននៅជុំវិញកោះតៃវ៉ាន់ ជប៉ុន និងនៅសមុទ្រចិនខាងត្បូង ធ្វើឲ្យមានហានិភ័យនៃឧបទ្ទេវហេតុដែលអាចនាំឲ្យមានជម្លោះកាន់តែទ្រង់ទ្រាយធំ ។
លោកស្រី Sandra ដែលជាប្រធានជិតផុតអាណត្តិនៃវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ និងជាឯកអគ្គរដ្ឋទូតតាមព្រឹត្តន័យសហរដ្ឋអាមេរិក បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍ជាក់ស្តែងនៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ ។
លោកស្រី Sandra ដែលនឹងបញ្ចប់ការកាន់តំណែងរយៈពេល ៣ឆ្នាំរបស់ខ្លួននៅខែក្រោយនោះដែរនោះ និយាយទៀតថា ការពង្រឹងសមត្ថភាពកោះតៃវ៉ាន់ ដើម្បីការពារខ្លួនឯង គឺជាអាទិភាពកំពូលរបស់វិទ្យាស្ថានលោកស្រី ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយនិងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះស្វ័យគ្រប់គ្រងមួយនេះ បើទោះបីជាខ្វះខាតទំនាក់ទំនងផ្លូវការជាមួយពួកគេក៏ដោយ ។
ដោយឡែក ចិនបានបង្កើនសំពាធទាំងយោធា និងនយោបាយលើកោះតៃវ៉ាន់ ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ។ កាលពីខែមុន ទីក្រុងប៉េកាំងបានលេងហ្គេមសង្រ្គាមនៅជុំវិញកោះមួយនេះ បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំ Lai Ching-te ដែលបានឈ្នះការបោះឆ្នោតកាលពីខែមករា ៕