
លោកប្រធានាធិបតី Vladimir Putin និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ី នឹងឈប់បាញ់ ហើយនិងចូលរួមកិច្ចប្រជុំស្វែងរកសន្តិភាព បើសិនជាអ៊ុយក្រែន បោះបង់ចោលមហិច្ឆិតាចង់ក្លាយជាសមាជិករបស់អង្គការណាតូ និងដកកងកម្លាំងរបស់ពួកគេចេញពីតំបន់ចំនួន ៤របស់អ៊ុយក្រែន ដែលប្រកាសសិទ្ធិគ្រប់គ្រងដោយរុស្ស៊ី ។
រយៈពេល ១ថ្ងៃមុនកិច្ចប្រជុំសន្តិភាពនៅក្នុងប្រទេសស្វីសដែលរុស្ស៊ី ពុំទទួលបានការអញ្ជើញនោះ លោក Putin បានដាក់លក្ខខណ្ឌជាច្រើន ដែលផ្ទុយគ្នាស្រឡះនឹងលក្ខខណ្ឌចង់បានរបស់អ៊ុយក្រែន ។
លោក Putin ដែលចុះបញ្ជីតំបន់ត្រូវដកទ័ពអ៊ុយក្រែនថាជាតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន និយាយថា លក្ខខណ្ឌគឺងាយបំផុត ។
លោកបន្តថា នៅពេលណាពួកគេប្រកាសនៅក្នុងទីក្រុងគីវថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្រេចចិត្តបែបនេះ និងចាប់ផ្តើមដកទាហានពិតប្រាកដពីតំបន់ទាំងនោះ ហើយនិងប្រកាសជាផ្លូវការពីការបោះបង់ចោលផែនការរបស់ពួកគេចូលរួមជាមួយអង្គការណាតូហើយនោះ ភ្លាមនោះភាគីរបស់ពួកយើង នឹងបញ្ជាឲ្យឈប់បាញ់ និងចាប់ផ្តើមចរចា ៕