
រដ្ឋមន្ត្រីទំនាក់ទំនងរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួន ត្រៀមខ្លួនបិទវេទិការបស់ X ប្រសិនបើបណ្ដាញសង្គមមួយនេះមិនគោរពតាមបទប្បញ្ញត្តិ ដែលហាមឃាត់មិនឲ្យមានមាតិកាសម្រាប់មនុស្សពេញវ័យនោះ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេបំផុតលើពិភពលោកនោះ មានច្បាប់តឹងរ៉ឹងដែលហាមប្រាមការចែករំលែកមាតិកាដែលត្រូវបានចាត់ទុកថា អាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត។
លោករដ្ឋមន្ត្រី Budi Arie Setiadi បានប្រាប់សារព័ត៌មាន Reuters ថា លោកបានផ្ញើលិខិតព្រមានមួយទៅកាន់បណ្ដាញសង្គម X ទាក់ទងនឹងបញ្ហានេះ។ លោកបាននិយាយថា «យើងនឹងបិទសេវាកម្មរបស់បណ្ដាញសង្គមនេះពិតប្រាកដមែន» ដោយលោកចង្អុលបង្ហាញពីច្បាប់ព័ត៌មានអេឡិចត្រូនិក និងប្រតិបត្តិការរបស់ឥណ្ឌូនេស៊ីដែលអាចអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ប្រសិនបើនរណាម្នាក់ផ្សព្វផ្សាយមាតិកាអាសអាភាស។
ការអត្ថាធិប្បាយរបស់លោក នៅក្នុងបទសម្ភាសន៍នេះ កើតមានឡើងបន្ទាប់ពីវេទិកាបណ្ដាញសង្គមមួយនេះ ថ្មីៗនេះ បានផ្ដល់បច្ចុប្បន្នភាពពីគោលនយោបាយរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យផលិតមាតិកាមនុស្សពេញវ័យដោយមានការព្រមព្រៀងគ្នា។
លោក Budi បានបញ្ជាក់ថា បណ្ដាញសង្គម X ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី លោក Elon Musk មិនទាន់បានឆ្លើយតបទៅនឹងលិខិតព្រមានរបស់ឥណ្ឌូនេស៊ីនៅឡើយទេ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលនឹងផ្ញើលិខិតបន្ថែមទៀត មុនពេលមានសម្រេចបិទដែលអាចកើតមាននេះ៕