
មេដឹកនាំនៃក្រុមប្រទេសដែលមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) នេះ បានព្រមានអ៊ីរ៉ង់ កុំឲ្យបន្តជំរុញកម្មវិធីបង្កើនថាមពលនុយក្លេអ៊ែររបស់ខ្លួន ហើយបាននិយាយថា ប្រទេសទាំងអស់ នឹងត្រៀមជាស្រេច ដើម្បីអនុវត្តវិធានការថ្មី ប្រសិនបើក្រុងតេអេរ៉ង់ ចង់ផ្ទេរមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព្រាងមួយច្បាប់។
សេចក្តីថ្លែងការណ៍ដែលសារព័ត៌មាន Reuters បានឃើញ បានលើកឡើងថា៖ «យើងជំរុញឲ្យទីក្រុងតេអេរ៉ង់ បញ្ឈប់ និងកែប្រែជាបន្ទាន់នូវការបង្កើនកម្មវិធីនុយក្លេអ៊ែរ ហើយបញ្ឈប់បន្តសកម្មភាពបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ដែលមិនមានយុត្តិកម្មស៊ីវិលគួរឲ្យទុកចិត្តបាន»។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) ថា ប្រទេសអ៊ីរ៉ង់បានដំឡើងម៉ាស៊ីនបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមយ៉ាងឆាប់រហ័ស នៅទីតាំង Fordow របស់ខ្លួន ហើយបានចាប់ផ្តើមដំឡើងម៉ាស៊ីនផ្សេងៗទៀត។
បើយោងតាមសន្ទស្សន៍របស់ IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) បានឲ្យដឹងថា នាពេលនេះ អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមសុទ្ធរហូតដល់ទៅ ៦០ភាគរយ ដោយឡើងជិតដល់ចំនួន ៩០% នៃកម្រិតផលិតអាវុធ ហើយមានសម្ភារៈគ្រប់គ្រាន់ ក្នុងការបង្កើនដល់កម្រិតនោះ ប្រសិនបើបានបង្កើនបន្ថែមទៀត សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរចំនួន៣៕