
ភ្នំពេញ ៖ គិត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ករណីអគ្គីភ័យដែលបានឆាបឆេះឃ្លាំងស្តុកបារីដ៏ធំមួយកន្លែង នៅក្បែររង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ នៅមិនទាន់រលត់នៅឡើយទេ ខណះកម្លាំងសមត្ថកិច្ចជំនាញ នៅបន្តការបាញ់ទឹកទប់ស្កាត់ ។
ប្រភពព័ត៌មាន ពីនគរបាលមន្ត្រីការិយាល័យអគ្គីភ័យរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ស្ថានភាព នៃអណ្តាតភ្លើង ត្រូវបានគ្រប់គ្រងបាន៦០ភាគរយហើយ បើគិតចាប់តាំងពីពេលឆាបឆេះមក ដោយបច្ចុប្បន្នភ្លើងនៅបន្តមានការឆាបឆេះ ប៉ុន្តែឆេះនៅផ្នែកខាងក្នុង ព្រោះក្នុងទីតាំងឃ្លាំងខាងលើនេះ គឺស្តុកពេញទៅដោយបារីតែម្តង ដែលយើងហៅថា ទីតាំងសម្រេចផល ។
ទោះបីការឆាបឆេះមិនទាន់រលត់ក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា វាមិនអាចមានការរាលដាលឆេះទៅផ្នែកផ្សេងក្នុងទីតាំងដែលមានកំពុងឆាបឆេះនៅឡើយ ។ ម្យ៉ាងនៅជុំវិញតំបន់បរិវេណទីតាំងកើតហេតុ ក៏មិនមានលំនៅឋានបងប្អូនប្រជាពលរដ្ឋនៅជាប់ក្បែរនោះដែរ ។ ក្នុងនោះដែរ ក៏មិនទាន់មានមនុស្សណាម្នាក់ត្រូវរងរបួស ឬប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតនៅឡើយនោះទេ ។
បច្ចុប្បន្ននេះ ក្រុមមន្ត្រីនគរបាលការិយាល័យអគ្គីភ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ និងរថយន្តពន្លត់អគ្គីភ័យមកពីអង្គភាពពាក់ព័ន្ធជាច្រើនគ្រឿង រួមទាំងកម្លាំងអាជ្ញាធរមូលដ្ឋាន ពិសេសមានការចូលរួមបន្ថែមពីកម្លាំងយោធា កងពលលេខ៧១១ បានមកជួយសហការបន្ថែម ក្នុងការបន្តកិច្ចអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ និងពន្លត់ការឆាបឆេះខាងលើនេះ ។
គួររំលឹកផងដែរថា ៖ គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីឈានចូលថ្ងៃទី១៥នេះ ស្ថិតនៅជិតរង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ លីហេង







