
រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire នៅថ្ងៃសុក្រ (ទី១៤ ខែមិថុនា) នេះ បានព្រមានថា ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់តំបន់ចាយប្រាក់អឺរ៉ូ ប្រឈមនឹងហានិភ័យនៃការមានវិបត្តិហិរញ្ញវត្ថុ ប្រសិនបើក្រុមស្តាំជ្រុលនិយម ឬឆ្វេងនិយម បានឈ្នះការបោះឆ្នោតសភា នាពេលខាងមុខ ដោយសារតែផែនការចំណាយដ៏ច្រើនមហាសាលរបស់ក្រុមទាំងអស់នេះ ។
ជាមួយគ្នានេះ លោក Le Maire បានជំរុញឲ្យអ្នកបោះឆ្នោតគាំទ្របេក្ខភាពនិយមកណ្តាលរបស់ប្រធានាធិបតី លោក Emmanuel Macron នៅក្នុងការបោះឆ្នោត ២ជុំ គឺនៅថ្ងៃទី៣ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា។
ភាពមិនប្រាកដប្រជាផ្នែកនយោបាយ បានបង្កឲ្យមានការលក់មូលបត្របំណុល និងភាគហ៊ុនរបស់បារាំងយ៉ាងកំរោលរួចហើយ បន្ទាប់ពីលោក Macron បានស្នើឲ្យមានបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោកបានរងបរាជ័យដោយសារគណបក្សប្រឆាំងអឺរ៉ុប គឺកណបក្សរួមបរួមជាតិជាតិ (RN) របស់លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីចុងសប្តាហ៍មុន។
គួរបញ្ជាក់ដែរថា ការធ្វើប្រជាមតិ បង្ហាញថា គណបក្ស RN ដែលបានសន្យាថា នឹងកាត់បន្ថយតម្លៃអគ្គិសនី និងអាករលើតម្លៃបន្ថែម ចំពោះហ្គាស ហើយនិងបង្កើនការចំណាយសាធារណៈ គឺកំពុងស្ថិតនៅលើផ្លូវ ក្នុងការទទួលបានសំឡេងភាគច្រើន និងស្ថិតក្នុងទីតាំងក្នុងការបានដឹកនាំប្រទេស។ គណបក្ស RN អំពាវនាវឲ្យមានការគាំពារនិយមនូវគោលនយោបាយសេដ្ឋកិច្ច «បារាំងទី១»៕