
មនុស្សរាប់រយនាក់បាននាំគ្នាតវ៉ា នៅទីក្រុង Fasano ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់ Puglia ភាគខាងត្បូង។
បាតុកម្មនេះត្រូវបានរៀបចំឡើងដោយសហជីពអាជីវកម្ម និងសកម្មជនផ្សេងៗ នៅចម្ងាយប្រហែល ៧គីឡូម៉ែត្រពីរមណីយដ្ឋានដ៏ប្រណីត Borgo Egnazia របស់ប្រទេសអ៊ីតាលី ជាកន្លែងដែលមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗចំនួន៧ បានជួបប្រជុំគ្នា។
បណ្ដាមេដឹកនាំទាំងនោះបានធ្វើដំណើរទៅភាគខាងត្បូងប្រទេសអ៊ីតាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ ជាមួយនឹងអារម្មណ៍មិនជារីករាយ ដោយសារមានបញ្ហាប្រឈមជាច្រើន នៅឯប្រទេសរបស់ខ្លួន ទោះបីជាពួកគេប្រឹងស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាធំៗជាច្រើនរបស់ពិភពលោកក៏ដោយ។
ក្រុមបាតុករដែលប្រឆាំងនឹង G7 បានលើកបង្ហាញបដាប្រឆាំងសង្គ្រាម ហើយបានអំពាវនាវឲ្យមានវិធានការលើបញ្ហាជាច្រើន ដូចជាភាពក្រីក្រ សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងជនអន្តោប្រវេសន៍ជាដើម។
គួរបញ្ជាក់ថា ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស។ សហភាពអឺរ៉ុបចូលរួមនៅក្នុងការពិភាក្សាទាំងអស់នៃកិច្ចប្រជុំនេះ ហើយត្រូវបានតំណាងដោយប្រធានរបស់ប្លុក ដែលមានទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប៕