
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បានសម្ដែងក្ដីបារម្ភពីវិបត្តិសុខភាពដែលកើនឡើងជាលំដាប់ នៅតំបន់កាន់កាប់ West Bank ជាកន្លែងដែលកាន់តែមានខ្លាំងឡើងៗនូវការរឹតបន្តឹង អំពើហិង្សា និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលកំពុងតែរារាំងយ៉ាងខ្លាំងក្លាដល់លទ្ធភាពទទួលបានការថែទាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានលើកឡើងថា ខ្លួនកំពុងអំពាវនាវឲ្យមានការការពារជាបន្ទាន់ និងសកម្ម ចំពោះជនស៊ីវិល ហើយនិងការថែទាំសុខភាព នៅតំបន់ West Bank។
ទីភ្នាក់ងារនេះបានកត់សម្គាល់ថា គិតចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក គិតត្រឹមថ្ងៃទី១០ ខែមិថុនា ការកើនឡើងនៃអំពើហិង្សា នៅតំបន់ West Bank ក្នុងនោះរួមទាំងនៅទីក្រុង East Jerusalem (ហ្សេរុយសាឡឹមខាងកើត) ផងដែរ បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនចំនួន ៥២១នាក់ ស្លាប់ ក្នុងនោះរួមមានកុមារ ១២៦នាក់។
ចំណែកមន្ត្រីប៉ាឡេស្ទីនបានដាក់ចំនួនអ្នកស្លាប់នៅតំបន់ West Bank នេះ ខ្ពស់ជាង ដោយនិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥៤៥នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល ឬអ្នកទីតាំងលំនៅ ចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សា បានផ្ទុះឡើង។
ជាមួយគ្នានេះ WHO បានប្រាប់ទៀតថា បន្ថែមពីលើការស្លាប់ជាច្រើននោះ មនុស្សជាង ៥.២០០នាក់ ក្នុងចំណោមនើ ៨០០នាក់ ជាកុមារបានរងរបួស ដោយសង្កត់ធ្ងន់ថា នេះគ្រាន់តែបន្ថែមទៅលើ «ការកើនឡើងនូវបន្ទុកអ្នកមានរបួស និងការថែទាំសង្គ្រោះបន្ទាន់ នៅតាមមណ្ឌលសុខភាពដែលមានភាពតានតឹងរួចហើយ»។
សង្គ្រាមបានឃើញកន្លែងសុខាភិបាល នៅតំបន់ហ្កាហ្សាស្ទ្រីបរងការវាយប្រហារម្តងហើយម្តងទៀត។ ហើយ WHO បាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនាថា ការថែទាំសុខភាពនៅតំបន់ West Bank ក៏កំពុងប្រឈមនឹងការវាយប្រហារកាន់តែខ្លាំងឡើងៗផងដែរ៕