
សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានក្លាយជាបុព្វជិតទី១ ដែលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសទាំង៧ (G7) កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) ដោយបានព្រមានមេដឹកនាំពិភពលោកថា បញ្ញាសិប្បនិម្មិត (AI) មិនត្រូវបណ្ដោយឲ្យមានអំណាចលើមនុស្សជាតិជាដាច់ខាត។
ក្រុមមេដឹកនាំសកលលោកបានផ្ដល់ការគោរពយ៉ាងកក់ក្ដៅ ចំពោះសម្តេច ប៉ាប ព្រះជន្ម ៨៧វស្សា នៅពេលដែលព្រះអង្គបានយាងធ្វើដំណើរ ជុំវិញតុប្រជុំរាងពងក្រពើដ៏ធំរបស់ពួកគេ ដោយរទេះរុញ ខណៈវ័យ និងព្រះកាយពលមិនរឹងមាំ ជាឧបសគ្គដល់ការធ្វើចលនារបស់ព្រះអង្គ។
សម្តេច ប៉ាប បានមានព្រះបន្ទូលថា AI តំណាងឲ្យ "ការផ្លាស់ប្តូរយុគសម័យ» សម្រាប់មនុស្សជាតិ ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការតាមដានត្រួតពិនិត្យយ៉ាងដិតដល់លើបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ ដើម្បីរក្សាអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ព្រះអង្គបានមានបន្ទូលថា «គ្មានម៉ាស៊ីនណាដែលគួរត្រូវបានជ្រើសរើស ដើម្បីមកយកជីវិតរបស់មនុស្សនោះទេ» ដោយព្រះអង្គបន្ថែមថា មនុស្សមិនគួរអនុញ្ញាតឲ្យប្រព័ន្ធដ៏មានឥទ្ធិពលបំផុតនេះសម្រេចជោគវាសនារបស់ពួកគេនោះទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំ G7 បាននាំឲ្យមានការជួបជុំគ្នានៃមេដឹកនាំសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី កាណាដា និងជប៉ុន។ បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បានអញ្ជើញប្រទេសចំនួន ១០ផ្សេងទៀតឲ្យចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីនៃប្រទេសទួរគី និងកេនយ៉ាផងដែរ។
នៅពេលចូលយាងទៅក្នុងបន្ទប់សន្និសីទមុនសុន្ទរកថារបស់ព្រះអង្គ សម្ដេច ប៉ាប ត្រូវបានហ៊ុមព័ទ្ធយ៉ាងកក់ក្តៅដោយមិត្តរួមជាតិអាហ្សង់ទីនលោក Javier Milei បានឱបជាមួយស្តេច Abdullah របស់ប្រទេសហ្ស៊កដានី ការថើបពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងមានការសន្ទនាតិចៗជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden៕