
មេដឹកនាំនៃក្រុមប្រទេសធំៗទាំង៧ ឬ G7 កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បាននិយាយថា ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA ត្រូវតែទទួលបានការអនុញ្ញាតឲ្យធ្វើការងារដោយគ្មានការរារាំង នៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម ដោយការលើកឡើងនេះមាននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃកិច្ចភិភាក្សារបស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី។
ក្រុមនៃប្រជាជាតិទាំង៧ នេះ បានប្រាប់ថា៖ «យើងយល់ស្របគ្នាថា វាជារឿងសំខាន់ដែល UNRWA និងអង្គការ និងបណ្តាញផ្ដល់ជំនួយនានារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀតផ្សេង អាចផ្តល់ជំនួយសង្គ្រោះយ៉ាងពេញលេញដល់អ្នកដែលត្រូវការវាបំផុត ពោលគឺពួកគេអាចបំពេញកាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះ មេដឹកនាំទាំងនោះបានអំពាវនាវឲ្យភាគីទាំងអស់ជួយសម្រួល «ដល់ការបើកផ្លូវយ៉ាងឆាប់រហ័ស និងគ្មានការរារាំង ក្នុងការផ្តល់ជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលដែលត្រូវការជំនួយ» នៅក្នុងតំបន់ហ្កាហ្សា ជាពិសេសស្ត្រី និងកុមារ។
តាមរយៈសេចក្ដីថ្លែងការណ៍ មេដឹកនាំ G7 បានលើកឡើងថា៖ «អ្វីដែលនៅតែជាអាទិភាពចម្បងទាំងស្រុង គឺការធានាបាននូវសិទ្ធិចូលទៅផ្ដល់ជំនួយមនុស្សធម៌ពេញលេញ រហ័ស សុវត្ថិភាព និងគ្មានការរារាំង នៅគ្រប់ទម្រង់របស់ទីភ្នាក់ងារនេះ ដោយស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមរយៈចំណុចឆ្លងកាត់ផ្លូវគោកដែលពាក់ព័ន្ធទាំងអស់ ក្នុងរួមទាំងការឆ្លងកាត់ទីក្រុង Rafah តាមរយៈផ្លូវដឹកជញ្ជូនសមុទ្រ ក្នុងនោះរួមទាំងតាមរយៈកំពង់ផែ Ashdod ផងដែរ»។
គួរបញ្ជាក់ថា UNRWA ដែលសម្របសម្រួលជំនួយស្ទើរតែទាំងអស់ទៅកាន់តំបន់ហ្កាហ្សា បានជួបវិបត្តិ ចាប់តាំងពីខែមករាមក នៅពេលដែលអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិកប្រមាណជា ១២នាក់ ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ នៅតំបន់ហ្កាហ្សារបស់ទីភ្នាក់ងារនេះថា មានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហាររបស់ពួកហាម៉ាសដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារនោះ បានបង្កជាសង្រ្គាមរហូតមកដល់ពេលនេះ៕