
លោក Donald Trump មានគ្រប់អាយុ ៧៨ឆ្នាំ កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងរំលឹកដល់អ្នកបោះឆ្នោតថា បេក្ខជនរបស់គណបក្សធំៗទាំង២ ដែលកំពុងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ មានវ័យចាស់បំផុតដែលមិនធ្លាប់មាន ក្នុងការស្វែងរកតួនាទីនេះ។
អាយុ និងភាពរហ័សរហួនផ្នែកផ្លូវអារម្មណ៍ បានក្លាយជាចំណុចសំខាន់នៃការប្រកួតប្រជែង រវាងលោក Trump របស់គណបក្សសាធារណរដ្ឋ និងគូប្រជែងប្រជាធិបតេយ្យរបស់លោក គឺលោកប្រធានាធិបតី Joe Biden ដែលជារឿយៗទទួលបានការចាប់អារម្មណ៍ខ្លាំងលើបញ្ហានេះច្រើនជាងបញ្ហាគោលនយោបាយសំខាន់ៗ នៅក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។
នៅលើផ្លូវយុទ្ធនាការរបស់ខ្លួន លោក Trump មិនបានលើកឡើងចំៗអំពីអាយុរបស់លោក Biden នោះឡើយ ប៉ុន្តែបានព្យាយាមទាញយកផលនូវរាល់ពាក្យសំដីខុសឆ្គង ក៏ដូចជាការធ្វើដំណើរយឺតៗរបស់លោក Biden ដើម្បីបង្ហាញថា គូប្រជែងរបស់ខ្លួន មិនសមនឹងតំណែងនៅការិយាល័យ Oval ទេ។
តែយ៉ាងណាក្ដី តាមរយៈការបង្ហោះសារនៅបណ្ដាញសង្គម X រួមជាមួយនឹងវីដេអូខ្លីមួយ ដែលហាក់ផ្ទុយពីសកម្មភាព និងគោលនយោបាយរបស់លោក ក្នុងការតទល់ជាមួយលោក Trump លោក Biden បានសរសេរថា៖ «រីករាយថ្ងៃខួបកំណើតគម្រប់ ៧៨ឆ្នាំ Donald។ សូមទទួលយកពរពីបុរសចំណាស់ម្នាក់ទៅកាន់បុរសចំណាស់ម្នាក់ទៀត។ តែសូមចងចាំថា អាយុគ្រាន់តែជារតួលេខប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះ គឺជាជម្រើស»។
គួរបញ្ជាក់ថា ការស្ទង់មតិសាធារណៈ បង្ហាញថា ប្រជាជនអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីអាយុកាន់តែជ្រេទៅៗរបស់លោក Biden ដែលមានវ័យ ៨១ឆ្នាំ។ ប៉ុន្តែនៅវ័យ ៧៨ឆ្នាំ លោក Trump មានអាយុតិចជាង ៣ឆ្នាំកន្លះ ហើយរូបលោកនឹងក្លាយជាមនុស្សមានវ័យចាស់បំផុតដែលមិនធ្លាប់មាននៅក្នុងពិធីឡើងកាន់តំណែងនៅសេតវិមាន ប្រសិនបើលោកឈ្នះឆ្នោតអាណត្តិទី២៕