
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បានទាមទារឲ្យអ៊ុយក្រែនព្រមចុះចាញ់ទីក្រុងមូស្គូដោយស្រួលៗទៅ ប្រសិនបើខ្លួនចង់បើកកិច្ចចរចាសន្តិភាពនោះ ដោយការលើកឡើងនេះបាននាំឲ្យមានកំហឹង និងការស្តីបន្ទោសពីទីក្រុងគីវ និងលោកខាងលិច។
អំឡុងថ្លែងសុន្ទរកថា ក្នុងទីក្រុងមូស្គូ នៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់ ស្ដីពីសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស លោក ពូទីន បានប្រាប់ថា រុស្ស៊ីនឹងបញ្ឈប់ការវាយលុករបស់ខ្លួន លុះត្រាណាតែអ៊ុយក្រែនដកទ័ពទាំងស្រុងចេញពីភាគខាងកើត និងខាងត្បូង ហើយបោះបង់ការប៉ុនប៉ងរបស់ខ្លួន ដើម្បីទទួលបានសមាជិកភាព ក្នុងអង្គការណាតូ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនបានជាប់គាំងនៅក្នុងជម្លោះបង្ហូរឈាមអស់រយៈពេលជាង ២ឆ្នាំមកហើយ ហើយគ្មានការចរចាសន្តិភាពដោយផ្ទាល់ណាមួយត្រូវបានធ្វើឡើងនោះឡើយ គិតចាប់តាំងពីសប្តាហ៍ដំបូងនៃយុទ្ធនាការរបស់រុស្ស៊ី នៅពេលដែលខ្លួនកំពុងរុលទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែន។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់អ្នកការទូតរុស្ស៊ី នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា៖ «កងទ័ពអ៊ុយក្រែនត្រូវតែដកចេញទាំងស្រុងពីសាធារណរដ្ឋប្រជាមានិត Donetsk សាធារណរដ្ឋប្រជាមានិត Lugansk តំបន់ Kherson ហើយនិងតំបន់ Zaporizhzhia»។
សូមបញ្ជាក់បន្ថែមថា រុស្ស៊ីបានអះអាងបញ្ចូលជាឧបសម្ព័ន្ធនូវតំបន់ទាំង៤ នេះ ក្នុងឆ្នាំ២០២២ បើទោះជាមិនបានគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងនោះក៏ដោយ៕