
មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា)ថា យោធាសហរដ្ឋអាមេរិក កំពុងរៀបចំដកផែមនុស្សធម៌របស់ខ្លួនចេញជាបណ្ដោះអាសន្ន ពីឆ្នេរសមុទ្រហ្កាហ្សា ដោយសារតែស្ថានភាពទឹក សមុទ្រ ជាបញ្ហាប្រឈមចុងក្រោយបំផុតចំពោះកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ ចាប់តាំងពីកំពុងផែនេះ ត្រូវបានដាក់ឲ្យដំណើរការ នៅខែឧសភា។
កំពង់ផែយោធាអាមេរិកអណ្តែតចេញពីតំបន់ហ្កាហ្សា ទើបតែបានបន្តនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីនេះ បន្ទាប់ពីត្រូវបានផ្អាកកាលពីចុងសប្តាហ៍។ មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កំពង់ផែនេះ ទំនងជាត្រូវបានផ្លាស់ប្តូរទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល រហូតដល់ស្ថានភាពសមុទ្រ មានភាពប្រសើរឡើងវិញ។
ជំនួយ បានចាប់ផ្តើមមកដល់តាមកំពង់ផែដែលសាងសង់ដោយសហរដ្ឋអាមេរិក នៅថ្ងៃទី ១៧ ខែឧសភា ហើយអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានដឹកជញ្ជូនជំនួយចំនួន ១៣៧គ្រឿង ទៅកាន់ឃ្លាំង ប្រហែល ៩០០តោន មុនពេលដែលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី ២៨ ខែឧសភាថា ខ្លួនបានផ្អាកប្រតិបត្តិការ ដូច្នេះការជួសជុល អាចត្រូវបានធ្វើឡើង។
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននៅតែមិនបន្តការដឹកជញ្ជូនជំនួយពីកំពង់ផែនេះ ទៅកាន់ឃ្លាំងកម្មវិធីស្បៀងអាហារពិភពលោករបស់UN ឡើយ។