ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ សម្រុកស្នើបញ្ជាក់អត្តសញ្ញាណតាមយន្តការច្រកចេញចូលតែមួយច្រើនជាងគេ ដើម្បីរៀបចំការចុះប្រព័ន្ធដីធ្លី។
បើតាម លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងណែនាំអំពីការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធ និងគុណភាព ជាពិសេសតាមរយៈយន្តការច្រកចេញចូលតែមួយបានកំពុងបន្តក្លាយជាសេវាដែលប្រជាពលរដ្ឋមានតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
លោក កេត ឧត្តម បញ្ជាក់ថា ក្នុងចំណោមសេវាលើវិស័យនានា ក្នុងពេលបច្ចុប្បន្ននេះមានតែសេវាពាក់ព័ន្ធនឹងវិស័យដីធ្លីប៉ុណ្ណោះដែលមានប្រជាពលរដ្ឋអញ្ជើញស្នើសុំបញ្ជាក់អត្តសញ្ញាណច្រើនជាងគេ ដោយសាររាជរដ្ឋាភិបាលកំពុងអនុវត្តផ្តល់ប័ណ្ណកម្មសិទ្ធិលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ។
ជាមួយគ្នា ប្រជាពលរដ្ឋដែលអញ្ជើញទៅទទួលសេវានៅច្រកចេញចូលតែមួយ បានលើកឡើងថា ការអនុវត្តរបស់មន្រ្តីពិតជាបានផ្តល់សេវារហ័ស មិនចំណាយពេលវេលាយូរ ឬទាមទារកម្រៃក្រៅសេវាបន្ទុកនោះទេ។
គួររំលឹកថា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលកាលពីដើមសប្តាហ៍នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់គ្នា ពិតជាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់បានសេវាសាធារណៈដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្តបាន។
ជាមួយគ្នានោះ សម្តេចធិបតី បានណែនាំដល់មន្ត្រីបម្រើសេវាសាធារណៈ ត្រូវដាក់ចិត្ត ដាក់កាយរួមគ្នា កែលម្អបរិស្ថានបម្រើសេវាដល់ប្រជាពលរដ្ឋ ឱ្យក្លាយជាបរិស្ថានដែលល្អឥតខ្ជោះជាប់ជាប្រចាំ និងបង្កើតនូវសមិទ្ធផលវិជ្ជមានជូនសង្គមជាតិ និងរួមគ្នាកាត់បន្ថយភាពអវិជ្ជមាន ដើម្បីសម្រេចបានគោលដៅ ផ្តល់សេវាសាធារណៈប្រកបដោយភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕