
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ បានអញ្ជើញចូលរួមបើកកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បន្ទាប់ពីថ្លែងសន្ទរកថារបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការរៀបចំកម្មវិធី ឆ្នាំទិវាជាតិនេះ ដែលប្រារព្ធធ្វើឡើងនៅគ្រប់រាជធានី ខេត្ត ដោយមានការដាក់តាំងបង្ហាញនូវពិព័រណ៌មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញនិងលើកទឹកចិត្តឲ្យមហាជនចូលរួមអនុវត្ត ក្នុងាករវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ ដែលបានរៀបចំទិវាជាតិដ៏មានសារៈប្រយោជន៍នេះ ក្នុងការជំរុញថែមទៀតឱ្យយុវជន សិស្ស និសិ្សត កម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ កាន់តែចាប់អារម្មណ៍យល់ដឹងនូវសារៈសំខាន់ និងរៀននូវចំណេះជំនាញ ទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសនិងវិជ្ជាជីវ: សម្រាប់ការបង្កើតជំនាញមួយយ៉ាងតិចប្រចាំជីវិតរបស់ខ្លួន។
លោក ម៉ាក គីមក្យូងហូ នាយកគ្រប់គ្រងអង្គការ ហ្គូដណេប៊ឺស កម្ពុជា (Good Neighbors Cambodia) ក៏ដូចជានិស្សិតដែលកំពុងតាំងបង្ហាញស្នាដៃពាក់ព័ន្ធវិស័យ ធីវ៉េត បានអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹងថ្មីៗ ឱកាសរៀន និងឱកាសទទួលបានការងារធ្វើជាដើម។
សូមបញ្ជាក់ជូនថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤នេះ គឺមានការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិពរណ៍ចំនួន១២៥ ដោយមានការចូលរួមពីស្ថាបន័ចំនួនជាង១០០ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមហ៊ុន គ្រឹះស្ថា នឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានបង្ហាញពីសារៈសំខាន់ នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាព ដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និង គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល៕ អត្ថបទ ឈិត បូរ៉ាវី





