
មេដឹកនាំពិភពលោកជួបជុំគ្នានៅប្រទេសស្វីស នាថ្ងៃសៅរ៍ (ទី១៥ ខែមិថុនា) នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធរុស្ស៊ីឲ្យបញ្ឈប់សង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន ប៉ុន្តែអវត្តមានរបស់សម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ទីក្រុងមូស្គូ ដូចជាប្រទេសចិនជាដើម នឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សក្តានុពលរបស់ប្រទេសនេះ។
សម្ព័ន្ធមិត្តជាច្រើនរបស់អ៊ុយក្រែន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែប្រទេសចិនកំពុងមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ បន្ទាប់ពីរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម ក្រោមហេតុផលដែលប្រទេសនេះបានចាត់ទុកកិច្ចប្រជុំនេះថា ជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ហើយក៏មិនចាប់អារម្មណ៍ចូលរួមនោះដែរ។
ដោយអត់មានចំណែកចូលរួមរបស់ចិន ដូច្នេះ ក្តីសង្ឃឹម ក្នុងការធ្វើឲ្យទីក្រុងមូស្គូនៅឯកោ បានរសាត់បាត់ទៅហើយ ខណៈពេលដែលបញ្ហាយោធា ថ្មីៗនេះ បានធ្វើឲ្យទីក្រុងគីវ ចាញ់ប្រៀបសត្រូវរបស់ខ្លួន។ ហើយជាមួយគ្នានេះ សង្គ្រាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានបង្វែរការចាប់អារម្មណ៍ពីអ៊ុយក្រែនផងដែរ។
ប្រភពនានាបានលើកឡើងថា កិច្ចពិភាក្សានេះត្រូវបានរំពឹងថា នឹងផ្តោតលើការព្រួយបារម្ភកាន់តែទូលំទូលាយដែលបង្កឡើងដោយសង្រ្គាម ដូចជាសន្តិសុខស្បៀងអាហារ និងនុយក្លេអ៊ែរ ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ ហើយនិងសេចក្តីព្រាងនៃសេចក្តីប្រកាសចុងក្រោយ ដែលកំណត់អត្តសញ្ញាណរុស្ស៊ីជាអ្នកលុកលុយ នៅក្នុងជម្លោះនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) បាននិយាយថា រុស្ស៊ីនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន លុះត្រាណាតែក្រុងគីវ យល់ព្រមបោះបង់ចោលមហិច្ឆតាចូលជាសមាជិករបស់អង្គការណាតូ ហើយប្រគល់ដែនដីទាំងមូលនៃខេត្តចំនួន៤ តាមការទាមទាររបស់ទីក្រុងមូស្គូ ជាការទាមទារដែលក្រុងគីវត្រូវបានបដិសេធភ្លាមៗថា ការធ្វើបែបនោះស្មើនឹងការព្រមចុះចាញ់៕