ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សប្រុសស្រីចំនួន១៤នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់តុលាការរាជធានភ្នំពេញ នាថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីពួកគេបានល្មើសនឹងបម្រាមរដ្ឋបាល និងបម្រាមគោចរ មានលេងល្បែងស៊ីសងខុសច្បាប់ ក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តបម្រាមគោចរលើកទីពីរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) នាព្រឹកថ្ងៃទី១៦ ខែសីហានេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានលើកឡើងថា ក្នុងការអនុវត្តបម្រាមគោចរលើកទីពីរនេះ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តយ៉ាងតឹងរឹងដូចលើកទី១ដែរ ដោយរយៈពេលបីថ្ងៃនេះ នគរបាលបានឃាត់មនុស្ស ដើម្បីអប់រំ និងធ្វើការផាកពិន័យបានចំនួន៨៩នាក់ ខណៈយានយន្តបានចំនួន១១៣គ្រឿង ហើយបានធ្វើការផាកពិន័យរួចចំនួន៣៨គ្រឿង ក្រៅពីនោះ នៅសល់ត្រូវបានយកទៅរក្សាទុកនៅតាមរដ្ឋបាលខណ្ឌនីមួយៗ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរលើកទី១ គឺចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងនោះ បានបញ្ជូនទៅកាន់តុលាការចំនួន៣៦នាក់ និងពិន័យបានប្រាក់ចំនួនជាង២១៣លានរៀល។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា ការដាក់បម្រាមគោចរលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍បន្ថែមទៀតនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ក្នុងហេតុផលដដែលគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតានេះតែម្តង៕
អត្ថបទបាន ចក់