
បូលីវី បានដាក់ពង្រាយទាហាន ដើម្បីយាមស្ថានីយប្រេងឥន្ធនៈ នៅទីក្រុង El Alto ដ៏ធំទី២ របស់ប្រទេសនេះ ដើម្បីរារំាងអ្នករត់ពន្ធ ពីការបង្វែរប្រេងសាំង ទៅទីផ្សារខុសច្បាប់។
រថយន្តដឹកទំនិញជាច្រើនជួរ អាចត្រូវបានគេមើលឃើញថា កំពុងរង់ចាំនៅខាងក្រៅស្ថានីយប្រេងឥន្ធនៈមួយកាលពីថ្ងៃសុក្រ (ថ្ងៃទី៤ ខែមិថុនា) នៅទីក្រុងភាគខាងលិចបូលីវី។
អ្នកបើករថយន្តដឹកទំនិញ លោក Miguel Condori បាននិយាយថា៖« លើកនេះ ខ្ញុំត្រូវតម្រង់ជួររយៈពេល បីម៉ោង»។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីបូលីវី លោក Luis Arce បាននិយាយថា កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សម្រាប់ប្រទេសរុស្ស៊ី ដើម្បីលក់ប្រេងឥន្ធនៈទៅឲ្យប្រទេសនៅអាមេរិកខាងត្បូងនេះ ដោយធានាការផ្គត់ផ្គង់ទៅប្រទេសបូលីវី ខណៈដែលឃ្លាំងស្តុករបស់ខ្លួន បានធ្លាក់ចុះ។
រដ្ឋាភិបាល បានស្តីបន្ទោសការរត់ពន្ធចំពោះការខ្វះខាតប្រេងឥន្ធនៈនាពេលថ្មីៗនេះ ដោយរថយន្តតម្រង់ជួរចាក់ប្រេង កើនឡើង និងក្រុមអ្នកដឹកជញ្ជូនទំនិញ បានបិទផ្លូវហាយវេក្នុងការតវ៉ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។