
បេក្ខជនប្រធានាធិបតី លោក Masoud Pezeshkian បានធ្វើយុទ្ធនាការឃោសនា នៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ (ទី១៤ ខែមិថុនា) ដោយអំពាវនាវឲ្យស្ត្រីចេញមកបោះឆ្នោត នៅក្នុងការបោះឆ្នោត នៅចុងខែនេះ។
លោក Pezeshkian ដែលជាបេក្ខជនកំណែទម្រង់ម្នាក់ ស្ថិតក្នុងចំណោមបេក្ខជន ៦នាក់ ដែលត្រូវបានអនុម័តឲ្យឈរឈ្មោះជាប្រធានាធិបតី ដោយក្រុមប្រឹក្សាធម្មនុញ្ញរបស់អ៊ីរ៉ង់ បានចោទសួរអំពីគោលនយោបាយហ៊ីចាបរបស់ប្រទេសនានា។
លោកបានបន្ថែមថា វាដល់ពេលសម្រាប់ប្រទេសអ៊ីរ៉ង់ ចូលរួមជាមួយពិភពលោក និងបញ្ចៀសជម្លោះ ផ្សេងៗ។
យោងតាមទូរទស្សន៍រដ្ឋបានឲ្យដឹងថា នៅក្នុងបញ្ជីនោះ មានលោក Mohammad Baqer Qalibaf ប្រធានសភាដែលមាននិន្នាការរឹងរូសរបស់ប្រទេសអ៊ីរ៉ង់ និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍ លោក Saeed Jalili ជាអ្នកអភិរក្ស ដែលជាអតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងបានគ្រប់គ្រងការិយាល័យរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei អស់រយៈពេល ៤ឆ្នាំ និងអភិបាលក្រុងតេអេរ៉ង់អភិរក្សនិយម លោក Alireza Zakani។