
ភ្នំពេញ៖សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការគាំទ្រដោយ Indian society of regenerative science និង Neuro gen brain and spine institute និងដៃគូសហការមួយចំនួនទៀត នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទវេជ្ជសាស្រ្តអន្តរជាតិលើកទី៦ ក្រោមប្រធានបទ «ដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់កុមារ មានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ»។
ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីលោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបជាង២ពាន់នាក់។
នៅក្នុងសន្និសីទឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា សន្និសីទអន្តរជាតិវេជ្ជសាស្រ្តនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងអ្នកវេជ្ជសាស្រ្តឈានមុខគេក្នុងវិស័យសរសៃប្រសាទកុមារ ចិត្តវិទ្យា និងការស្តារនីតិសម្បទា ក៍ដូចជាអ្នកអភិវឌ្ឍបច្ចេកវិទ្យា និងអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាអំពីភាពជឿលឿនចុងក្រោយបំផុតក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីបង្ការ និងការព្យាបាលជំងឺនេះដល់កុមារ។ ឯកឧត្តមបន្តថា សន្និសីទនេះ ពិតជាមានសារៈសំខាន់ដែលបានឆ្លុះបញ្ចាំងពីសភាពការណ៍ និងតំរូវការជាក់ស្តែងនៅក្នុងសង្គមកម្ពុជា ក៍ដូចជាពិភពលោកដែលបាននិងកំពុងទទួលរងនូវវិបត្តិសុខភាពសាធារណៈដ៍គួរឱ្យបារម្ភភាពពីភាពមិនប្រក្រតីនៃការអភិវឌ្ឍខួរក្បាលកុមារដែលបណ្តាលឱ្យកុមារមានបញ្ហាដូចជា៖ អូទីហ្សឹម(Autism) ចលករខួរក្បាល (Cerebral Palsy) ដោនស៊ីនដ្រូម( Down-Syndrome) ស្វិតសាច់ដុំ (Muscular Dystrophy) ខ្សោយបញ្ញា( Intellectual disability) ការបាត់បង់ការស្តាប់(Hearing loss) និងការធ្លាក់ចុះខ្សោយនៃការមើលឃើញជាដើម។
គួរបញ្ជាក់ដែរថា សន្និសីទវេជ្ជសាស្រ្តអន្តរជាតិស្តីពី «ដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់កុមារ មានវិបត្តិក្នុងការស្តាប់ ការអភិវឌ្ឍភាសា និងការនិយាយ» មានការបង្ហាញពីវាគ្មិនកិត្តិយសចំនួន៣រូបដែលក្នុងនោះរួមមាន៖ទី១.លោកវេជ្ជបណ្ឌិតឯកទេស កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទី២.លោកស្រីវេជ្ជបណ្ឌិត Nandini Gokulchandran អនុប្រធានវិទ្យាស្ថាន និងជាប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងខួរក្បាលនៃទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា និងទី៣.លោកសាស្រ្តាចារ្យបណ្ឌិត Alok Sharma ប្រធានសមាគមនផ្នែកវិទ្យាសាស្រ្តបណ្តុះកោសិកាឡើងវិញ នៃប្រទេសឥណ្ឌា និងជាប្រធានវិទ្យាស្ថានប្រព័ន្ធប្រសាទ និងខួរក្បាលនៃទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌា។អត្ថបទ៖ទូច សោភ័ណ ថត៖ឡាយ សុភ័ណ រូបភាព៖សន្និសីទវេជ្ជសាស្រ្តអន្តរជាតិលើកទី៦









