
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូកាលពីយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា គ្មានជម្រើសផ្សេងនោះទេ ប៉ុន្តែពួកយើងត្រូវតែបន្តគោលដៅសង្រ្គាម ហើយលោកសន្យាថានឹងយកឈ្នះឲ្យខាងតែបានក្រុមហាម៉ាស់ និងនាំចំណាប់ថ្នូរត្រឡប់មកវិញទាំងអស់ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទាហានអ៊ីស្រាអែល ៨នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប ។

លោកឧត្តមនាវីឯក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា ទាហានអ៊ីស្រាអែល ៨នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប កាលពីថ្ងៃសៅរ៍ ស្របពេលដែលកងកម្លាំងរបស់លោក ព្យាយាមរុលចូលទីក្រុងភាគខាងត្បូង Rafah និងវាយប្រហារតំបន់ជាច្រើននៅហ្កាហ្សា ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១៩នាក់ ។
លោក Netanyahu និយាយថា នៅថ្ងៃនេះ ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ក្នុងការពលីការពារមាតុភូមិរបស់ពួកយើង ។
លោកបន្តថា ក្នុងទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមឱនក្បាលគោរពពលរដ្ឋអ៊ីស្រាអែលទាំងអស់ និងកាន់ទុក្ខការបាត់បង់វីរជនក្លាហានរបស់យើង ៕