
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមមេដឹកនាំពិភពលោក បានជួបជុំគ្នានៅតំបន់ទេសចរណ៍ភ្នំអាល់របស់ប្រទេសស្វីស ដើម្បីស្វែងរកការយល់ស្របកាន់តែធំទូលាយសម្រាប់សំណើរសន្តិភាពអ៊ុយក្រែន នៅកិច្ចប្រជុំកំពូលពុំមានការចូលរួមពីចិន និងត្រូវបានចាត់ទុកថាជាការខ្ជះខ្ជាយពេលវេលាដ៏ឥតប្រយោជន៍ដោយរុស្ស៊ី ។
មេដឹកនាំមកពីប្រទេសចំនួនជាង ៩០ បានចូលរួមកិច្ចប្រជុំកំពូលមួយនេះ ប៉ុន្តែអវត្តមានរបស់ចិន បង្ហាញថារុស្ស៊ី នៅតែឯកោសកលលោក ស្របពេលដែលទាហានបម្រុងធ្វើឲ្យទីក្រុងគីវ ស្ថិតក្នុងស្ថានភាពលំបាក ។

ដោយឡែក សង្រ្គាមនៅហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានងាកចំណាប់អារម្មណ៍របស់ពិភពលោកចេញពីអ៊ុយក្រែនផងដែរ ។
កិច្ចប្រជុំកំពូលនេះដែរ បានផ្តោតសំខាន់លើក្តីកង្វល់កាន់តែធំ បង្កឡើងដោយសារសង្រ្គាម ដូចជាបញ្ហាស្បៀងអាហារ និងបញ្ហាសន្តិសុខនុយក្លេអ៊ែរ ប៉ុន្តែទួរគី និងអារ៉ាប៊ីសាអូឌីត ដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបែបនេះផ្សេងទៀត និយាយថា វឌ្ឍនភាពប្រកបដោយខ្លឹមសារ គឺត្រូវការការចូលរួមពីរុស្ស៊ី ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជូនលោកស្រីអនុប្រធានាធិបតី Kamala Harris ឲ្យចូលរួមជំនួសរូបលោក ដែលជាការសម្រេចចិត្តមួយធ្វើឲ្យទីក្រុងគីវពុំសប្បាយចិត្តជាខ្លាំង ៕