ភ្នំពេញ៖ មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ បានលើកឡើងថា ចំពោះការដាក់យោធិនឱ្យចូលនិវត្តន៍ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺជាការងារចូលរួមក្នុងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
ថ្លែងនៅថ្ងៃទី៣០ កញ្ញា ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយសជូនដល់បងប្អូនយោធិនចូលនិវត្តន៍ចំនួន ១៥នាក់ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានរថក្រោះ។
ឧត្តមសេនីយ៍ ឯក ពៅ ស៊ីថា បានបន្ថែមថា នៅឆ្នាំ២០២០នេះ ការដាក់យោធិនឱ្យចូលនិវត្តន៍ និងផ្ទេរយោធិន ពិការចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនអាជីពទាំងពីរភេទនៃកងយោធពល ខេមរភូមិន្ទ និង ស្របតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍គោលនយោបាយជាតិសំខាន់ៗ ដូចជាការយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ចំពោះយោធិនពលី មរណៈពិការបាត់បង់សមត្ថភាពការងារយោធិនចូលនិវត្តន៍ និងអតីតយុទ្ធជន និងគ្រួសារ ដែលនេះជាការយកចិត្តទុកដាក់ដោះស្រាយជីវភាពបងប្អូនទាំងថវិកា សម្ភារៈបរិក្ខារ ជា បន្តបន្ទាប់។
ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ពៅ ស៊ីថា បានលើកឡើងថា ក្នុងនាមលោកជំនួសមុខឱ្យ មេបញ្ជាការកងទ័ពជើងគោក សូមសំដែងនូវ មនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះនាយទាហាននាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមក បានចូលរួមធើ្វពលិកម្មយ៉ាងធំធេង ក្នុងចលនារំដោះប្រទេសជាតិ ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នង នេះ។
ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្ត នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេស ទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។
ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បានបញ្ជាក់ទៀតថា ជាក់ស្តែងពេលនេះនៅទីនេះ យើងកំពុងបាន អនុវត្តន៍គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលយើងកំពុងធ្វើពិធីសំណេះសំណាល បំពាក់ឋានន្តរសក្ដិគ្រឿងឥស្សរិយយសបន្ថែម មួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពងគោក ឆ្នាំ ២០២០ នេះ៕ អត្ថបទ៖ ចក់