
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានសន្យាការគាំទ្រឥតឈប់ឈររបស់អាមេរិកចំពោះអ៊ុយក្រែន និងបានប្រកាសជំនួយជាង ១,៥ពាន់លានដុល្លារ សម្រាប់វិស័យថាមពលនៅក្នុងប្រទេសមួយនេះ ។
លោកស្រី Harris បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលស្វែងរកសន្តិភាពអ៊ុយក្រែននៅទីក្រុង Lucerne ប្រទេសស្វីស ជាទីដែលលោកស្រី បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។

ការិយាល័យអនុប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា ជំនួយ ១,៥ពាន់លានដុល្លារ រួមមានថវិកា ៥០០លានដុល្លារ សម្រាប់ជំនួយថាមពល និង ៣២៤លានដុល្លារ សម្រាប់ការជួសជុលហេដ្ឋារចនាសថាមពលបន្ទាន់ ក៏ដូចជាតម្រូវការផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ៕