
ជម្លោះបានផ្ទុះឡើងរវាងក្រុមនគរបាល និងក្រុមបាតុករ អំឡុងបាតុកម្មសហជីប ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ។ ក្រុមនគរបាល បានព្យាយាមបំបែកហ្វូងបាតុកម្ម មុនពេលជម្លោះបានផ្ទុះឡើង ។
គួរឲ្យដឹងថា ក្រុមបាតុករ បានជួបជុំគ្នានៅទីក្រុងប៉ារីស និងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេសបារាំង ដើម្បីតវ៉ាប្រឆាំងនឹងគណបក្សរណសិរ្សជាតិនិយមស្តាំជ្រុល (RN) មុនការបោះឆ្នោតសភានាពេលខាងមុខនេះ ។
ការដង្ហែក្បួនយ៉ាងហោច ១៥០កន្លែង ត្រូវបានគេរំពឹងនឹងកើតមានឡើងនៅតាមទីក្រុងជាច្រើន រួមទាំងទីក្រុង Marseille, Toulouse, Lyon និងទីក្រុង Lille ។

វីដេអូសាក្សីដែលឃើញផ្ទាល់ភ្នែក ឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងកាំជ្រួច ត្រូវបានគេគប់ នៅពេលដែលក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាលកុបកម្ម នៅទីក្រុង Lyon កាលពីថ្ងៃសុក្រ ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនពេលកំណត់ ដែលនឹងធ្វើឡើង ២ជុំ នៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ ។
នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើន G7 លោក Macron បាននិយាយថា ប្រទេសរបស់លោក កំពុងប្រឈមនឹងពេលវេលាធ្ងន់ធ្ងរខ្លាំង នៅពេលដែលការបោះឆ្នោតសភាកាន់តែជិតកើតឡើង ៕