
ប្រជាពលរដ្ឋរស់នៅរដ្ឋភាគខាងជើង Uttar Pradesh និងដែនដីសហព័ន្ធ Chandigarh របស់ប្រទេសឥណ្ឌា បានប្រឈមនឹងរលកកម្តៅធ្ងន់ធ្ងរ និងអាកាសធាតុក្តៅស្ងួត ។
ប្រជាពលរដ្ឋត្រូវបានគេមើលឃើញដើរដោយយកក្រមារុំមុខ និងទទួលទានភេសជ្ជៈត្រជាក់ ដើម្បីទប់ទល់នឹងរលកកម្តៅដ៏អាក្រក់នេះ ។
សីតុណ្ហភាពនៅតែបន្តហក់ឡើងខ្ពស់នៅទីក្រុង Prayagraj ជាទីដែលគេរកឃើញមានសីតុណ្ហភាពកើនឡើងរហូតដល់ ៤៦អង្សាសេ និងសីតុណ្ហភាព ៤៥អង្សាសេនៅទីក្រុង Chandigarh កាលពីថ្ងៃសៅរ៍ ។

ខណៈពេលនោះដែរ រដ្ឋាភិបាលរដ្ឋភាគខាងកើត Odisha បាននិយាយថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ដោយសារជំងឺសុរិយារោគ ក្នុងរយៈពេល ៧២ម៉ោង ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៤១នាក់ ចាប់តាំងពីការចាប់ផ្តើមរដូវក្តៅ ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា អាស៊ីប្រឈមនឹងរលកកម្តៅក្តៅខ្លាំងអំឡុងរដូវក្តៅឆ្នាំនេះ ដែលវាកាន់តែធ្ងន់ធ្ងរជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ៕