
តំបន់ឆ្នេរនៅកោះ Sentosa របស់សិង្ហបុរី ត្រូវបានបិទកាលពីថ្ងៃសៅរ៍ មិនឲ្យភ្ញៀវទេសចរមកកម្សាន្តលេង ក្រោយកំពប់ប្រេងពីកំពង់ផែក្បែរនោះ ។
តំបន់ឆ្នេរ Tanjong ត្រូវបានបិទ ហើយការជូនដំណឹងពីកោះ Sentosa និយាយថា ទឹកសមុទ្រនៅតំបន់ឆ្នេរ Tanjong, Palawan និងតំបន់ឆ្នេរ Siloso លែងអនុញ្ញាតឲ្យហែលលេង ស្របពេលដែលសកម្មភាពសមុទ្រ ពុំត្រូវបានអនុញ្ញាតផងដែរ ។

ប្រេងបានកំពប់ពីកំពង់ផែ Pasir Panjang មានចម្ងាយតិចជាង ១០គ.មពីកោះ Sentosa ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ក្រោយសាឡង់បូមខ្សាច់ដោតទង់ជាតិហូឡង់ បុកនាវាដឹកប្រេងដោតទង់ជាតិសិង្ហបុរី កាលពីរសៀលថ្ងៃសុក្រ ។
អាជ្ញាធរកំពង់ផែសិង្ហបុរី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រេងមួយចំនួនពីនាវាដឹកទំនិញរងការខូចខាតនៅជាប់នាវាដឹកប្រេង បានកំពប់ចូលសមុទ្រ ហើយនាវាដឹកទំនិញដែលរងការខូចខាត ត្រូវបានអូសចេញ ហើយប្រេងកំពប់ ត្រូវបានទប់ស្កាត់ ៕