
មហាអំណាចលោកខាងលិច និងបណ្តាប្រទេសមកពីជុំវិញពិភពលោក នឹងប្រើប្រាស់ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលសន្តិភាពដ៏ធំមួយនៅប្រទេសស្វីស នៅថ្ងៃអាទិត្យ (១៦ មិថុនា) នេះដើម្បីបន្តការឯកភាពគ្នាលើការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន និងបញ្ជាក់ពីការព្រួយបារម្ភអំពីតួលេខអ្នកស្លាប់ដ៏លើសលប់នៃសង្គ្រាម។
ពង្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលចុងក្រោយដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ ដោយហៅប្រតិបត្តិការយោធារបស់រុស្ស៊ីថាជា «សង្រ្គាម» ដែលនោះជាឃ្លាមួយដែលទីក្រុងមូស្គូ បដិសេធ ហើយអំពាវនាវឱ្យមានការគ្រប់គ្រងរបស់អ៊ុយក្រែន លើរោងចក្រនុយក្លេអ៊ែរ ហ្សាផូរីសហ៊្សា (Zaporizhzhia) និងកំពង់ផែសមុទ្រ អាហ្សូវ (Azov) របស់ខ្លួនត្រូវបានស្តារឡើងវិញ។

ទីក្រុងមូស្គូ បានបញ្ចេញនូវអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយជាមួយលោកខាងលិច ខណៈទីក្រុងគីវ និងលោកខាងលិចនិយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមដណ្តើមយកទឹកដីដោយខុសច្បាប់។
បណ្ដាមេដឹកនាំពិភពលោករួមមានអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) និងប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបប្រជុំគ្នានៅចុងសប្តាហ៍នេះនៅឯរមណីយដ្ឋានលើកំពូលភ្នំមួយ ក្នុងគោលបំណងជំរុញការគាំទ្រអន្តរជាតិសម្រាប់ការបញ្ចប់សង្រ្គាម។
មេដឹកនាំលោកខាងលិចជាច្រើនបានសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការលុកលុយនោះ អំពាវនាវឱ្យប្រើធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការការពារបូរណភាពទឹកដីអ៊ុយក្រែន និងបដិសេធការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សម្រាប់ផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនជាលក្ខខណ្ឌសម្រាប់សន្តិភាព៕