
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ (១៦ មិថុនា) នេះថា ខ្លួននឹងផ្អាកជាយុទ្ធសាស្ត្រប្រចាំថ្ងៃនៅក្នុងសកម្មភាពយោធានៅតំបន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យជំនួយបន្ថែមទៀតហូរចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ដែលបណ្ដាអង្គការជំនួយអន្តរជាតិបានព្រមានអំពីកំណើនវិបត្តិមនុស្សធម៌។ យោធាបានបញ្ជាក់ថា ការប្រយុទ្ធគ្នានៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលអ៊ីស្រាអែល កំពុងកំណត់គោលដៅលើកងពលតូចនៃចលនាសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស នឹងនៅតែបន្ត។
កងទ័ពបាននិយាយថាការផ្អាកនេះនឹងចាប់ផ្តើមនៅក្នុងតំបន់ក្រុងរ៉ាហ្វា នៅម៉ោង ៨ ព្រឹកម៉ោងក្នុងស្រុក (០៥:០០ ម៉ោងសកល) ហើយនៅតែមានសុពលភាពរហូតដល់ម៉ោង ៧ យប់ម៉ោងក្នុងស្រុក(១៦:០០ ម៉ោងសកល) ជារៀងរាល់ថ្ងៃ រហូតទាល់តែមានការជូនដំណឹងបន្ថែម នៅតាមបណ្តោយផ្លូវចាប់ពីច្រកឆ្លងកាត់ កេរិម ស្ហាលូម (Kerem Shalom) ទៅផ្លូវ សាឡា អាល់-ឌីន (Salah al-Din) ហើយបន្ទាប់មកឆ្ពោះទៅភាគខាងជើង។

យោធាបន្ថែមថាការផ្អាកប្រយុទ្ធនេះកំពុងត្រូវបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ និងបណ្ដាទីភ្នាក់ងារជំនួយអន្តរជាតិដើម្បីដឹកជញ្ជូនជំនួយ។ ច្រកឆ្លងកាត់ កេរិម ស្ហាលូម បានទទួលរងនូវការបិទ ចាប់តាំងពីកងទ័ពជើងគោកអ៊ីស្រាអែលចល័តចូលទៅក្នុងទីក្រុង រ៉ាហ្វា កាលពីដើមខែឧសភា មក។
ការវាយលុកយោធារយៈពេលប្រាំបីខែរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើឱ្យតំបន់ហ្កាហ្សា ធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ ដោយអង្គការសហប្រជាជាតិរាយការណ៍ពីភាពអត់ឃ្លានដ៏រីករាលដាល និងមនុស្សរាប់សែននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លាន។ សហគមន៍អន្តរជាតិបានជំរុញឱ្យអ៊ីស្រាអែល ប្រឹងប្រែងធ្វើបន្ថែមទៀតដើម្បីបន្ធូរបន្ថយភាពតានតឹង៕