
ប្រទេសហ្វីលីពីន បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ (១៥ មិថុនា) ដើម្បីទាមទារតំបន់ខ្ពង់រាបបាតសមុទ្រទឹកជ្រៅ (ECS) នៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកជម្លោះដែនសមុទ្រដ៏តានតឹងជាមួយប្រទេសចិន។
លោក ម៉ាស្ហល លូអ៊ីស អាល់ហ្វេរ៉េស (Marshall Louis Alferez) ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការដែនសមុទ្រ និងមហាសមុទ្រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះយើងធានាអនាគតរបស់យើងដោយការបង្ហាញពីសិទ្ធិផ្តាច់មុខក្នុងការរុករកដែនសមុទ្រ និងសិទ្ធិទាញយកធនធានធម្មជាតិនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រទឹកជ្រៅ របស់យើង»។

ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាការទាមទារដ៏ធំសម្បើមរបស់សចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនោះ។
ស្ថានទូតចិនក្នុងទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើឯកសាររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍នោះទេ។ ហ្វីលីពីន មានជម្លោះដែនទឹកដ៏យូរលង់ជាមួយចិន ដែលទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មនាវាប្រចាំឆ្នាំជាង ៣ ពាន់ពាន់លានដុល្លារ៕